រថយន្តក្រុងស្វយ័តភ្នំពេញ បុករះរថយន្តនិងម៉ូតូសរុបជាង១០គ្រឿង ស្លាប់ម្នាក់របួសច្រើននាក់ នៅផ្លូវ៣៧១
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងច្រើននាក់ទៀតរងរបួស រថយន្តជាច្រើនគ្រឿង រួមទាំងម៉ូតូផង រងខូចខាត បន្ទាប់ពីរថយន្តក្រុងស្វយ័តភ្នំពេញបើកបុករះ ជាបន្តបន្ទាប់ កាលពីវេលម៉ោង២និង៣០នាទីរសៀល ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ មុខរោងចក្រស៊ីងឡាងហួរ ជិតច្រកចូលវត្តពោធិញ្ញាណ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្កជារថយន្តក្រុង ស្វយ័តភ្នំពេញ ខ្សែទី១០ ពណ៌ស លឿង ពាក់ស្លាកលេខ រដ្ឋ37 3-0009 បើកបរដោយឈ្មោះ សុីម ណាត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ចំណែកជនរងគ្រោះស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ខាងលើ ឈ្មោះ នៅ វណ្ណឌី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ១៧អា ផ្លូវ៣៣បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ជិះម៉ូតូ ម៉ាក ហុងដា វ៉េវអ៊ាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-2190 ។
តាមអ្វីដែលរកឃើញនៅកន្លែងកើតហេតុ មានរថយន្តចំនួន៧គ្រឿងទទួលរងខូចខាត ម៉ូតូចំនួន៤គ្រឿង ម៉ាក វ៉េវ ZOOMER គុបជ្រុង និងម៉ូតូសង់កូរ៉េសណ្តោងរុឺម៉ក រងខូចខាត មនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួស មាន២នាក់បាក់ជើង ម្នាក់បែកក្បាល ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកតាមបណ្តោយផ្លូវ៣៧១ ពីត្បូងទៅជើង (ក្បាលថ្នល់-ស្ពានដែក) លុះដល់ចំណុចកើតហេតុ បានបុករថយន្តមួយគ្រឿង ហើយស្លន់ ជាន់ហ្គាបន្ថែមល្បឿនបន្តទៅបុករថយន្ត ម៉ូតូ ជាបន្តបន្ទាប់ រថយន្ត៧គ្រឿង ម៉ូតូ៤គ្រឿង បណ្តាលឲ្យមានអ្នកស្លាប់និងរបួសច្រើននាក់ ។
ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំខ្លួនទៅប៉ុស្តិ៍ប៉ូលីស ។ ជនរងគ្រោះក្នុងហេតុការណ៍ខាងលើត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ដោយមិនស្គាល់អត្តសញ្ញាណនោះទេ។
ចំណែកសពក្រុមគ្រួសារកំពុងស្រែកទ្រហោយំដង្ហេីយហៅកូន អោយងេីបមកវិញមក ទាំងអាឡោះអាល័យជាទីបំផុត និងកំពុងរងចាំសមត្ថកិច្ចធ្វេីរបាយការណ៍ទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី។
គ្រោះថ្នាក់ដ៏រន្ធត់នេះ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ដងផ្លូវ និងពិនិត្យជាក់ស្តែងលើស្ថានភាពគ្រោះថ្នាក់ រួចយករថយន្តបង្ក អ្នកបើកបរ រួមនឹងម៉ូតូ រថយន្តពាក់ព័ន្ធរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងចាតការតាមនីតិវិធី ៕ (អត្ថបទរូបភាព បងម៉េង)
Q