យុវជន២នាក់ជិះម៉ូតូឌុបគ្នាមកពីរត់តុការវិញ បែរជាត្រូវរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត សុកន បើកបុកនិងកិនអូសរាប់សិបម៉ែត្រ បែកខួរខ្ទាតពេញផ្លូវស្លាប់យ៉ាងរន្ធត់
រាជធានីភ្នំពេញ ៖ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ទាំងពេលថ្ងៃ ទាំងពេលយប់ មនុស្សស្លាប់រាល់ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ វាស្ទើតែក្លាយទៅជារឿងធម្មតាទៅហើយ ខណៈដែលបុរសជាអ្នករត់តុការពីរនាក់ ដេកស្លាប់កណ្ដាលផ្លូវទទឹមគ្នានៅនិងកន្លែងយ៉ាងអាណោចអាធម៏ ខណៈពេលធ្វេីដំណេីរមកពីដឹកឥវ៉ាន់ចុងភៅដាក់ឃ្លាំងរួចរាល់ហេីយ ថៅកែបេីកលុយអោយទាំងយប់ រួចជិះម៉ូតូឌុបគ្នាត្រលប់មកផ្ទះវិញ តែបែជាជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កឡេីងដោយរថយន្តកុងតឺន័រមួយគ្រឿង របស់ក្រុមហ៊ុនផែស្ងួត សុកន បើកបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង រួចកិនអូសជាប់ម៉ូតូក្រោមរថយន្តទៅជាមួយរាប់សិបម៉ែត្រ ទេីបឈប់ ចំណែកតៃកុងបានរត់គេចខ្លួនបាត់សម្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០០:១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅលេីកំណាត់ផ្លូវ២១៧ ម្ដុំក្លោងទ្វារចូលវត្តជេីងឯក ក្បែរក្រុមហ៊ុនស្រាបៀរកម្ពុជា ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះអ្នកបើកម៉ូតូមានឈ្មោះ ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុការ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់) និងជនរងគ្រោះទី២ មានឈ្មោះ ប៉ា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរត់តុការ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាត ខេត្តកណ្ដាល អ្នកជិះខាងក្រោយ(ស្លាប់) ។
សាក្សីដែលឃើញហេតុការណ៍បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា ម៉ាកស្មាសរ៉េវូ (Smash Revo) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Y-9402 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ដែលទើបនិងចេញពីរត់តុការមួយកន្លែង រួចដឹកឥវ៉ាន់ចុងភៅដាក់ឃ្លាំងរួច ថៅកែក៏បេីកលុយអោយទាំងអស់គ្នាទាំងយប់ ហេីយក៏នាំគ្នាជិះម៉ូតូឌុបគ្នា ក្នុងបំណងជិះត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃេីញរថយន្តកុងតឺន័រមួយគ្រឿង ជារបស់ក្រុមហ៊ុនផែស្ងួត សុកន ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-7325 និងកន្ទុយកុងទីន័រ ពាក់ស្លាកលេខភ្នំពេញ 4A-0129 បើកបរដោយតៃកុងម្នាក់រួមដំណើរនិងព្រូម្នាក់ទៀត បានធ្វេីដំណេីរស្របទិសដៅគ្នាមកពីក្រោយយ៉ាងលឿនក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យកិនចំក្បាលបែកខួរជនរងគ្រោះទាំងពីរស្លាប់ភ្លាមៗកណ្ដាលផ្លូវតែម្ដង ចំណែករថយន្តបង្កមានព្យាយាមបើករត់ទាំងម៉ូតូនៅក្រោមរថយន្តអូសទៅជាមួយទាំងបែកផ្ការភ្លេីងរាប់សិបម៉ែត្រទៀត ទេីបឈប់រួចទុករថយន្តចោល ភ្លាមនោះតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុកព្រូម្នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ចយកទៅធ្វេីការសាកសួរផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោលស្យវិចយ័រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទរូបភាព បងម៉េង)