សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួនម្នាក់ពីបទ លួច (លួចម៉ូតូ) និងប្រើប្រាស់ស្លាកលេខក្លែង

 ភ្នំពេញ៖  នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ០២:១០នាទីរំលងអាធ្រាត្រ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទ លួច (លួចម៉ូតូ) និងប្រើប្រាស់ស្លាក លេខក្លែង ប្រព្រឹត្តនៅចំណុច លើដង ផ្លូវ លេខ១៣២ ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យម្នាក់

 ឈ្មោះ លី ចាន់ដារ៉ា ហៅ ប៉ាវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥B ផ្លូវលេខ២៥៣ ក្រុមទី០២ ភូមិ១ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 វត្ថុតាងចាប់យកបានរួមមាន៖

-ម៉ូតូមួយគ្រឿងម៉ាក Suzuki NeX ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1T-7459 ដែលមានលេខតួនិងលេខ ម៉ាស៊ីន:  318726 ។

       

សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២:១០នាទីរំលងអាធ្រាត្រ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ នៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានី ភ្នំពេញ បានល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន លុះពេលល្បាតមកលើដងផ្លូវ លេខ១៣២ ក្រុមទី១០៤ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ០២នាក់ ទី១-ឈ្មោះ  លី ចាន់ដារ៉ា ហៅ ប៉ាវ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ពុំស្គាល់ ភេទប្រុស អាយុ ប្រហែល៣២ឆ្នាំ ជនជាតិខ្មែរ ជាបក្ខពួករបស់ឈ្មោះ លី ចាន់ដារ៉ា ហៅ ប៉ាវ  គ្រាន់តែឃើញកំលាំងសមត្ថកិច្ចយើងភ្លាម ជនសង្ស័យទាំងពីរបានប្ដួលម៉ូតូចោល ហើយរត់គេចខ្លួន ភ្លាមនោះកំលាំងយើងក៏បានដេញ់ចាប់ឃាត់ខ្លួន បាន០១នាក់ឈ្មោះ  លី ចាន់ដារ៉ា ហៅ ប៉ាវ បាននិងចាប់យកវត្ថុតាងម៉ូតូខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តែម្ដង ។ 

ចំណែកជនសង្ស័យជាបក្ខពួកឈ្មោះ ពុំស្គាល់ បាន រត់គេចខ្លួនបាត់ ។ 

ការស្រាវជ្រាវរបស់សមត្ថកិច្ច  ក្រោយពីឃាត់ខ្លួនជន សង្ស័យឈ្មោះ លី ចាន់ដារ៉ា ហៅ ប៉ាវ សមត្ថកិច្ចយើងបានធ្វើការសាកសួរ និង ផ្អែកតាមចំលើយសារភាពរបស់ជនសង្ស័យឈ្មោះ  លី ចាន់ដារ៉ា ហៅ ប៉ាវ បានសារភាពថា៖ ម៉ូតូខាងលើនេះ ឈ្មោះ អាវ៉ាន់ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ ជនជាតិខ្មែរ ជាមួយនិងបក្ខពួកឈ្មោះ ពុំស្គាល់ ភេទប្រុសអាយុ ប្រហែល៣២ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួនបាត់នៅពេលដែលសមត្ថកិច្ចដេញ់ចាប់ខ្លួន) បានធ្វើសកម្មភាពលួចគេ ហើយឈ្មោះ អាវ៉ាន់ បានឲ្យបក្ខពួកឈ្មោះ ពុំស្គាល់ ជិះមកឌុបរូបខ្លួនដើម្បីយកម៉ូតូខាងលើទៅលក់ ប៉ុន្តែមិនទាន់បានទៅលក់ផង ក៏ត្រូវកំលាំងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

តាមការពិនិត្យនិងឆែកស្លាក លេខម៉ូតូ ពាក់ស្លាកលេខ កំពង់ចាម 1T-7459  របស់ក្រសួងសារធារណការ នឹងដឹកជញ្ជូន (ពត៌មានយានជំនិះដែលត្រូវចុះបញ្ជី) (QR Code ) លទ្ធផល បញ្ជាក់ថា៖ ស្លាកលេខម៉ូតូ កំពង់ចាម 1T-7459 ជាស្លាកលេខរបស់ម៉ូតូម៉ាក Honda Dream C125 ប្រភេទស្រី ពណ៌ខ្មៅ  ផលិតឆ្នាំ2018  ដែលបញ្ជាក់ថា ជនសង្ស័យខាងលើ និង បក្ខពួកបានធ្វើសកម្មភាពលួចម៉ាក Suzuki NeX ពណ៌ស ដែល មានលេខតួនិងលេខម៉ាស៊ីន:  318726 រួចយកស្លាកលេខម៉ូតូ កំពង់ចាម 1T-7459 មកចាប់ពីលើបន្លំ ហើយធ្វើចរាចរណ៌តាមដងផ្លូវ កុំឲ្យសមត្ថកិច្ចយើងចាប់អារម្មណ៍ ។

ជនសង្ស័យឈ្មោះ លី ចាន់ដារ៉ា ហៅ ប៉ាវ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ម១ ព្រៃស ពីបទ លួច (ករណីមិនរាងចាលក្នុងបទមជ្ឃឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឃឹម ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៧២A ផ្លូវលេខ២៦៥ ក្រុមទី៦ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ដីកាបង្គាប់ឲ្យឃុំខ្លួនលេខ១៧៩៩ «ឆ» ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ចេញដោយលោក កោ វណ្ឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។   

      

យើងបានយកទឹកនោមជនសង្ស័យរូបនេះ មកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាព វិជ្ជមាន (មានសារធាតុញៀន) ដែលបញ្ជាក់យ៉ាងច្បាស់ថា ជនសង្ស័យរូបនេះ ពិតជាបានប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីនពិតប្រាកដមែន។

បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ និង ចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More