Rain ក្លឹប កំពុងបង្កបញ្ហាប៉ះពាល់ដល់ការរស់នៅដល់ពលរដ្ឋរស់នៅជិតខាង​ ករណីបំពងសំឡេង និងភ្ញៀវចេញចូល បន្ទោរបង់ដាក់លើផ្លូវដើរ និងជញ្ជាំងរបងផ្ទះ ជះក្លិនមិនល្អយ៉ាងខ្លាំង!

រាជធានី​ភ្នំពេញ ៖ អុំប្រុសម្នាក់ដែលជាប្រជាពលរដ្ឋកំពុងព្រឈម បានស្នើសុំដល់អាជ្ញាធរសង្កាត់ចាក់អង្រែ និងខណ្ឌមានជ័យ សុំឲ្យចុះទៅពិនិត្យក្លឹបឌីស្កូរ៉េន (Rain Club) ដែលបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងជុំវិញ បរិស្ថានក្នុងការរស់នៅមិនអាចទ្រាំបាន ក្នុងមូលហេតុដែលថា ភ្ញៀវដែលបានចូលរាំលេងកម្សាន្តនៅក្នុងក្លឹបនេះ បានជុះនោមដាក់លើផ្លូវ ជញ្ជាំង និងរបងផ្ទះព្រមទាំងបន្ទោបង់ ជាពិសេសបង្កជាសំឡេងហ៊ោកញ្រៀវ បំពងសំឡេងចេញមកក្រៅ រហូតដល់ម៉ោង៣ភ្លឺ មិនអាចដេកពួនបានឡើយ ។

ការលើកឡើងស្នើសុំនេះគឺក្នុងឱកាសវេទិកាសាធារណៈមួយកាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងរោងអ្នកតាចិន(ដើមពោធិ៍) ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពលោក យិត បុណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ចាក់អង្រែក្រោម លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និងលោក​ វុឌ្ឈ​ ផូសារវ័ន្ត​ នាយប៉ុស្តិ៍​ចាក់អង្រែក្រោម​ ។

ក្រោយពីស្តាប់ការលើកឡើង និងសំណូមពររបស់ពលរដ្ឋពាក់ព័ន្ធនិងករណីក្រុមហ៊ុនស៊ីនទ្រីដែល បានទារកំរ៉ៃលើសសេវាកំណត់របស់សាលារាជធានី និងការដើរប្រមូលសំរាមគ្មានណ្តាប់ធ្នាប់នោះ ។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក៏បានជម្រុញឲ្យមន្ត្រីរបស់ខ្លួនជួយកែសម្រួល និងកោះហៅតំណាងក្រុមហ៊ុនណាម្នាក់ឲ្យចូលរួមវេទិកាសាធារណៈនៅលើកក្រោយៗ ដើម្បីឆ្លើយតបនិងការស្នើសុំរបស់ពលរដ្ឋ ។ លោកថា ពិតណាស់ហើយខាងក្រុមហ៊ុនស៊ីនទ្រី កម្មករប្រមូលសំរាម និងអ្នកបើកបរឡានតែងតែធ្វើការខ្ជីខ្ជារឈប់ឡានកណ្តាលផ្លូវ អាងខ្លួនឯងជាអ្នកបំរើសេវាសាធារណៈសង្គម គាត់មិនគិតពីផលប៉ះ ពាល់ដល់អ្នកធ្វើដំណើរនោះទេ ។

ចំពោះក្លឹបកំសាន្តរ៉េន(Rain)លោកអភិបាលខណ្ឌមានជ័យក៏បានចុះទៅពិនិត្យជាក់ស្តែង ឃើញថាក្លឹបពិតជាមានការរំខាន និងគ្មានសុវតិ្ថភាពនោះទេ ។ លោកថា លោកបានធ្វើការណែនាំដល់ថៅកែក្លឹបឲ្យកែសំរួលឡើងវិញបន្ទាន់ ដោយតម្រូវឲ្យម្ចាស់ទីតាំងក្លឹបនេះ កែសំរួលច្រកសុវតិ្ថភាពឲ្យបានចំនួនពីរទ្វារ និងដាក់អំពូលភ្លើងអូតូ ។ លោកថា ធ្វើបែបនេះ គឺចៀងវាងបើមានបញ្ហាអគ្គីភ័យកើតឡើង គឺមានទ្វារសុវតិ្ថភាព សំរាប់ចេញ និងអំពូលភ្លើងអូតូជួយបំភ្លឺផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More