អគ្គស្នងការដ្ឋាន នគរបាលជាតិ សូមអំពាវនាវអ្នកលេងបណ្តាញសង្គម សូមកុំ Share រឿងមិនពិត (Fake News)
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធចំពោះការផ្សាយរបស់បណ្តាញសង្គមនៃគណនី ឈ្មោះ ណាធីយ៉ា ឯកា (Natiya Aek Ka) ដែលបានផ្សាយជុំវិញហេតុការណ៍ពាក់ព័ន្ធនឹងសិស្សសាលាវិទ្យាល័យថ្មគោល ខេត្តបាត់ដំបងជិត១០០នាក់បានដួលសន្លប់។
បណ្តាញសង្គមរបស់គណនីឈ្មោះណាធីយ៉ា ឯកា (Natiya Aek Ka) បានសរសេរថាមានជនជាតិចិន បានចុះសុំនាយកសាលាមកពិនិត្យសុខភាពសិស្សដោយសិស្សខ្លះត្រូវបានជួសឈាម រីឯសិស្សខ្លះត្រូវចាក់ថ្នាំ និងពិនិត្យ ចង្វាក់បេះដូង។
យោងតាមនាយកសាលាវិទ្យាល័យថ្មគោល លោក ហេង ស៊ុនផារិទ្ធ បានបំភ្លឺថា ហេតុការណ៍ដួលសន្លប់នេះ បានកើតឡើងចំពោះសិស្ស៧១នាក់ក្នុងនោះសិស្សស្រីមាន៧០នាក់កាលពីថ្ងៃទី៦និង៧ធ្នូឆ្នាំ២០១៨។
លោកហេង ស៊ុនផារិទ្ធ បានបន្តថា កាលពីថ្ងៃទី២និង៣ធ្នូ មានក្រុមគ្រូពេទ្យខ្មែរសហការជាមួយក្រុមគ្រូពេទ្យចិន ដែលក្នុងនោះ មានគ្រូពេទ្យចិនប្រមាណពី១០ទៅ២០នាក់ជិះឡានទូរីសចំនួន២ បានធ្វើដំណើរទៅស្រាវ ជ្រាវនូវ ជម្ងឺបេះដូងដោយគ្រាន់តែប្រើប្រាស់ប្រដាប់ឧបករណ៍ស្ទង់បេះដូងតែប៉ុណ្ណោះ និងមិនបានជួសឈាមនោះទេ។ ការចុះស្រាវជ្រាវជម្ងឺបេះដូងនោះ គឺបានធ្វើតាមសាលាជាច្រើនមិនត្រឹមតែវិទ្យាល័យថ្មគោលប៉ុណ្ណោះទេ ប៉ុន្តែតាមសាលាមួយចំនួនក្នុងស្រុកសង្កែនិងនៅក្នុងក្រុងបាត់ដំបង។ សិស្ស ដែលក្រុមគ្រូពេទ្យបានចុះស្រាវជ្រាវពិនិត្យបេះដូងក្នុងវិទ្យាល័យថ្មគោលនោះ គឺជាសិស្សកម្រិតថ្នាក់ទី៧, ទី៨ និងទី៩។ ចំណែកការដួលសន្លប់របស់សិស្សនៅវិទ្យាល័យថ្មគោលចំនួន៧១នាក់នោះ គឺជាសិស្សថ្នាក់ទី១១និងទី១២នោះទេ ដែលមិនពាក់ព័ន្ធនឹងសិស្សដែលក្រុមគ្រូពេទ្យខ្មែរនិងចិនបានសហការគ្នាស្រាវជ្រាវជម្ងឺបេះដូងនោះឡើយ។
ដូច្នេះការផ្សាយតាមបណ្តាញសង្គមរបស់គណនីឈ្មោះ ណាធីយ៉ា ឯកា (Natiya Aek Ka) បានខុសនឹងការពិតលើបញ្ហានេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធថា ការផ្សាយរបស់បណ្តាញសង្គមនៃគណនីឈ្មោះ ណាធីយ៉ា ឯកា (Natiya Aek Ka) ពាក់ព័ន្ធនឹងហេតុការណ៍ដួលសន្លប់ របស់សិស្សសាលាវិទ្យាល័យថ្មគោល ខេត្តបាត់ដំបង ដោយសារជនជាតិចិន បានជួសឈាមសិស្ស និងការចាក់ថ្នាំនោះ មិនមែនជាការពិតឡើយ។ អគ្គស្នងការដ្ឋាន នគរបាលជាតិសូមអំពាវនាវអ្នកលេងបណ្តាញសង្គម សូមកុំ Share រឿងមិនពិត(Fake News) នេះអោយសោះ ពីព្រោះនឹងអាចប្រឈមចំពោះមុខច្បាប់នៃការផ្សាយព័ត៌មានមិនពិតក្នុងចេតនាបំពុលបរិយាកាសសង្គម៕