លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ឥឡូវយើងបានសេចក្តីសុខហើយ ប៉ុន្តែសេចក្តីសុខអាចមាននិរន្តរភាពដែរឬទេ បើសិនជាកងកម្លាំងប្រដាប់អាវុធមិនបានត្រៀមលក្ខណៈក្នុងការថែរក្សាឲ្យបានម៉ឺងម៉ាត់នោះ!

https://www.facebook.com/tnn.com.kh/videos/256732911640816/

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះមេបញ្ជាការស្តីទីកងទ័ពជើងគោក បានថ្លែង ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើង ឆ្នាំ២០១៨ និងប្រកាសតែងតាំងមុខងារ ឋានន្តរស័ក្តិជូននាយទាហាន តំបន់ប្រតិបត្តិការសឹករង ព្រះសីហនុថា ឥឡូវយើងបានសេចក្តីសុខហើយ ប៉ុន្តែសេចក្តីសុខអាចមាននិរន្តរភាពដែរឬទេ បើសិនជាកងកម្លាំងប្រដាប់អាវុធមិនបានត្រៀមលក្ខណៈក្នុងការថែរក្សាឲ្យបានម៉ឺងម៉ាត់នោះ។

សង្គ្រាមផ្ទៃក្នុងបានបញ្ចប់ហើយ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ការឈ្លោះគ្នារវាងខ្មែរនិងខ្មែរ ប៉ុន្តែកិច្ចការការពារជាតិ បូរណភាពទឹកដី រក្សាសន្តិសុខផ្ទៃក្នុង ការពារវិច្ឆេទកម្មប្រឆាំងភារវកម្ម មិនទាន់ចប់ទេ គឺភារកិច្ចរបស់យើងត្រូវបន្តអនុវត្តដើម្បីប្រទេសជាតិបន្ថែមទៀត។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក៏ដូចជាប្រមុខដឹកនាំក្រសួងការពារជាតិ ជូនចំពោះនាយទាហាន ពលទាហាននៅយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុផងដែរ។

លោកឧត្ដមសេនីយ៍ឯក បានថ្លែងថាការចូលរួមធ្វើឲ្យមានការរីកចម្រើននៅក្នុងឃុំ ស្រុក ខេត្ត និងប្រទេសរបស់យើង គឺបានដោយសារការលះបង់យោធិនយើងគ្រប់ជំនាន់។ ការលះបង់របស់កងទ័ពគ្រប់ជំនាន់ គ្រប់ភាគីទាំងអស់សុទ្ធតែបានចូលរួមក្នុងការការរំដោះជាតិ ការការពារជាតិ ការថែរក្សាសុខសន្តិភាព និងអ្វីៗដែលយើងមានសព្វថ្ងៃនេះសម្រាប់កូនចៅជំនាន់ក្រោយ។

លោកបន្តថា ការហ្វឹកហ្វឺន គឺសំខាន់ណាស់ពីមួយជំនាន់ទៅមួយជំនាន់ ហើយនាយទាហានជំនាន់ក្រោយៗ ត្រូវតែមានបទពិសោធន៍ចំណេះដឹងជំនាញ ព្រោះការផ្ទេរកាតព្វកិច្ច ការផ្ទេរភារកិច្ចពីមួយជំនាន់ទៅមួយជំនាន់ត្រូវតែផ្ទេរសមត្ថភាពភាពចំណេះដឹងជំនាញជាបន្តបន្ទាប់។ ដូច្នេះមានតែការចងក្រងឯកសារ ប្រព័ន្ធសាលា ការរៀបចំយោធាចារ្យបណ្ដុះបណ្ដាលដើម្បីផ្ទេរ ចំណេះដឹងជំនាញទៅដល់នេះទាហានជំនាន់ក្រោយដើម្បីធានានិងត្រៀមរួចជាស្រេចក្នុងការការពារជាតិ ព្រោះការពារបូរណភាពទឹកដីខាងខាងក្រៅសំខាន់ណាស់ ព្រោះការពារឲ្យនរណា គឺការពារឲ្យកូនចៅជំនាន់ក្រោយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំមួយរូបដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខកងទ័ព លើកស្ទួយជីវភាព និងលើកតម្កើងកិត្តិយសចំពោះកងទ័ពនិងអតីតយុទ្ធជនចំពោះគុណបំណាច់នៃការលះបង់របស់កងទ័ពគ្រប់ជំនាន់ក្នុងការចូលរួម និងការបំពេញភារកិច្ចការពារជាតិការពារបូរណភាពទឹកដី តាមរយៈការដំឡើងប្រាក់បៀវត្សនិងការឧបត្ថម្ភផ្សេងៗជាច្រើនទៀត។ លើសពីនេះជាមោទនភាព ប្រមុខរាជរដ្ឋាភិបាលបានលើកទឹកចិត្តនិងបង្កលក្ខណៈឲ្យមហាជនគាំទ្រ និងផ្ដល់តម្លៃកងទ័ពតាមរយៈការឧបត្ថម្ភគាំទ្រដល់កងទ័ព និងអតីតយុទ្ធជន។

ការងារស្នូលរបស់កងយោធពលខេមរភូមិន្ទ គឺត្រៀមលក្ខណៈការពារជាតិរបស់យើង។ ហេតុដូច្នេះសូមឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនាព្រះមហាក្សត្រ ប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ដែលចេញពីការបោះឆ្នោត។ បន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ បទបញ្ជារបស់អគ្គបញ្ជាការ បទបញ្ជារបស់កងទ័ពឲ្យបានខ្ជាប់ខ្ជួន ការពារអធិបតេយ្យភាពប្រទេសជាតិ ការពារសុខសន្តិភាពស្ថិរភាព ទប់ស្កាត់ឲ្យទាន់ពេលវេលាចំពោះបក្សពួកដែលបង្កចលនាបំពុលសភាពការណ៍សង្គម ជាពិសេសរំលោភរដ្ឋធម្មនុញ្ញ បំផ្លាញសុខសន្តិភាពស្ថិរភាពសង្គម។ បង្កើនការយកចិត្តទុកដាក់ទទួលខុសត្រូវនិងភាពជាគំរូក្នុងការបំពេញការងារឲ្យបានជោគជ័យ។ បង្កើនការយកចិត្តទុកដាក់រៀនសូត្រការស្វែងយល់ការរីកចម្រើនរបស់ប្រទេសជាតិ និងប្រឆាំងដាច់ខាតចំពោះឧបាយកលបោកប្រាស់របស់ពួកអគតិបានឃុបឃិតជាមួយបរទេសលូកដៃជ្រៀតជ្រែកចូលនយោបាយក្នុងស្រុក។

លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា យើងទាំងអស់គ្នាត្រូវតែចងចាំនិងប្ដេជ្ញាអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមប្រសាសន៍របស់សម្ដេចតេជោ ទោះបីក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែការពារឲ្យបានដាច់ខាតនូវសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍដែលកំពុងតែមានដូចសព្វថ្ងៃនេះ គឺមិនអនុញ្ញាតអោយជនណាម្នាក់បំផ្លាញសុខសន្តិភាព ស្ថិរភាពនិងសមិទ្ធផលបានជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More