បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តកុងទីន័រ​បុក ដួលអូសជិត១០ម៉ែត្រ​ បណ្ដាលឲ្យ​បាក់ជើងដាច់ត្រឹមជង្គង់​ នៅផ្លូវ៣៧១

រាជធានី​ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានដួលអូសជាមួយម៉ូតូបណ្ដាលឲ្យបាក់ជើងត្រឹមជង្គង់​ខណៈពេលកំពុងជិះម៉ូតូត្រូវរថយន្តកុងទីន័រ​បើកបុកប៉ះបណ្ដាលឲ្យដួលអូសជាមួយម៉ូតូជិត១០ម៉ែត្រ ចំណែករថយន្តបានបន្តដំណើរបើកទៅបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០៨និង៤០នាទីយប់​ ថ្ងៃព្រហស្បតិ៍្ត​ ទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសាលាអន្តរជាតិ​ អាមេរិកាំង​ប្រីជ តាមបណ្ដោយផ្លូវ៣៧១ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

យោងតាមប្រភពព័ត៌មានដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន បានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1F-1593 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវ៣៧១ លុះមកដល់ចំណុចកើតហេតុ​ខាងលើ ជនរងគ្រោះត្រូវបាន​ ​រថយន្ដកុងទីន័រ(មិនចាំស្លាកលេខ) មួយគ្រឿង បុកប៉ះបណ្ដាលឲ្យដួលជាមួយម៉ូតូអូសជិត១០ម៉ែត្រ បាក់ជើងត្រឹមជង្គង់ ចំណែករថយន្តបានបន្តដំណើរបើកទៅបាត់ស្រមោល។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុជួយហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនហុងហាក់ ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រ​ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ ដើម្បីរងចាំសាច់ញាតិមកយកទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More