ក្តីស្រលាញ់ខុសប្រាថ្នា! រូបប្រុសរាមរ៉ា វាយអូនចូលពេទ្យ!
ភ្នំពេញ៖ ហេតុការណ៍ហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី ២ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបន្ទប់ជួលផ្ទះលេខ៣៧អឺ០ហ្សិត តាមបណ្តោយផ្លូវលេខ១៥៤ ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
បុរសម្នាក់ព្រោះតែបានលង់ស្រឡាញ់ស្ត្រីម្នាក់តែនាងមិនព្រម ដោយប្រាប់ថារាប់អានគ្នាត្រឹមបងប្អូនបានហើយ នោះបែរជាធ្វើឲ្យបុរសរូបនេះខឹង ក៏បានប្រើហិង្សាទៅលើរូបនាងយ៉ាងចាស់ដៃ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកបុរសបង្កហេតុបានរត់គេចខ្លួនបាត់អស់រយៈពេលមួយសប្ដាហ៍ ក្រោយក៏ត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះតាមចាប់បាន យកមកដាក់ទោសតាមច្បាប់។
ជនសង្ស័យឈ្មោះ អ៊ឹម ស៊ីថា អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅទីតាំងឃាត់ខ្លួនខាងលើ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ អ៊ុង សុភក្ត្រ អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥អឺហ្សិត តាមបណ្តោយផ្លូវលេខ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រងរបួសភ្នែកទាំងសងខាង ជាំចង្កះ មួយចំហៀងខាងឆ្វេងធ្ងន់ធ្ងរ។ រីឯវត្ថុតាងចាប់យកពីជនដៃដល់មាន៖ទូរស័ព្ទដៃមួយគ្រឿងម៉ាក HUAWEI ពណ៌ទឹកមាស ជនរបស់ជនសង្ស័យ។
មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានរាប់អានគ្នាយូរមកហើយ ដោយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបាននាំជនរងគ្រោះទៅលេងផ្ទះបងស្រីរបស់ខ្លួននៅ គៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វារ ។ លុះពេលជិះម៉ូតូរ៉ឺម៉កត្រលប់មកផ្ទះវិញ ជនសង្ស័យបានសុំស្រឡាញ់ស្ត្រីរងគ្រោះធ្វើជាប្តីប្រពន្ធនឹងគ្នា ប៉ុន្តែពេលនោះស្ត្រីរងគ្រោះក៏បានឆ្លើយបដិសេធថា រាប់គ្នាជាបងប្អូនបានហើយ ស្រាប់តែរូបគេខឹង បានធ្វើសកម្មភាពទះកំផ្លៀងនាង៣ដៃ នឹងបានឲ្យម៉ូតូរ៉ឺម៉កដឹកទៅផ្ទះជួលរបស់ខ្លួន គ្រាន់តែម៉ូតូរ៉ឺម៉កឈប់ភ្លាមបុរសរូបនោះបានអូសដៃនាងចូលបន្ទប់រួច វាយយកៗបណ្ដាលឲ្យរងរបួសធ្ងន់ ហើយគេចខ្លួនបាត់ស្រមោលតែម្តង។ បន្ទាប់មកស្ត្រីរងគ្រោះបានទូរស័ព្ទហៅបងប្អូនឲ្យមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ រហូតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះបានចេញពីមន្ទីរពេទ្យក៏បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់។
ក្រោយពីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ទទួលពាក្យបណ្តឹងពីជនរងគ្រោះរួច បើកការស្រាវជ្រាវរហូតនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក៏ឃាត់ខ្លួនជនសង្ស័យបានតែម្តង។
ជនសង្ស័យឈ្មោះ អ៊ឹម ស៊ីថា កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕