កម្លាំងនគរបាលឆ្មក់ចូលហាងម៉ាស្សា កាត់សក់បង្កប់សេវារួមភេទ យីហោ រស្មី ចាន់ធា ឃាត់មនុស្ស១៤នាក់
ភ្នំពេញ: ដោយបានការអនុញ្ញាត និងបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ស្នងការនគរបាលរាជធានីភ្នំពេញនិង ក្រោមការឯកភាពពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នះ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្រ្កាបជាក់ស្តែង ករណីបើកកន្លែងប្រព្រឹត្តសញ្ចារកម្ម ជ្រកក្រោមស្លាកយីហោ ហាងកាត់សក់ (មានលួចលាក់រួមភេទ) នៅចំណុចផ្ទះលេខ០១E០ ផ្លូវលេខ៦១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។
នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនមនុស្ស១៤នាក់ រួមមាន ម្ចាស់ហាង ឈ្មោះ ចាន់ ធា ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ នារីម៉ាស្សាកក់សក់ចំនួន១០នាក់ ជាងកាត់សក់ម្នាក់ និងភ្ញៀវមករួមភេទចំនួន ២នាក់។
មន្រ្តីនគរបាលដែលចូលរួមប្រតិបត្តិការនេះ បានប្រាប់ថា ហាងម៉ាស្សា កាត់សក់នេះ លួចបង្កប់សេវារួមភេទនៅក្នុងបន្ទប់ខាងក្រោយ ពោលពេលភ្ញៀវកាត់សក់រួច គឺនារីៗទាំងនោះសួរថា តើបងចង់ម៉ាស្សាទេ បើចង់ចូលទៅបន្ទប់ខាងក្រោយ ប៉ុន្តែមិនមែនជាការម៉ាស្សាឲ្យស្រួលខ្លួននោះឡើយ ពោលជាការរួមភេទតែម្តង។
សម្រាប់មនុស្សទាំងនេះត្រូវបាននាំ ទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការ សាកសួរ និងស្រាវជ្រាវចាត់ការបន្តទៀត។