កម្មករ-កម្មការិនី ក្រុមហ៊ុន ស៊ីនទ្រី និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ទទួលអំណោយពី សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៨ ខែធ្នូ ឆ្នាំ២០១៧ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាលើកទី២ ជូន កម្មករ-កម្មការិនី ក្រុមហ៊ុន ស៊ីនទ្រី និងកម្មករ-កម្មការិនី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចំនួន ២,១២៥នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកម្មករ-កម្មការិនីអនាម័យទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការប្រមូលសំរាម និងសម្អាតតាមដងផ្លូវ រមណីដ្ឋាន សួនច្បារ និងគេហដ្ឋាន ធ្វើឱ្យទីក្រុងមានសោភ័ណភាព បរិស្ថាន និងអនាម័យល្អ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ វេចខ្ចប់សំរាមឱ្យមានរបៀបរៀបរយ ហើយប្រមូលដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យក្នុងគេហដ្ឋាន ទីសាធារណៈ ក៏ដូចជាទូទាំងរាជធានីភ្នំពេញទាំងមូល ព្រោះបញ្ហានេះ ជាការរួមចំណែកទទួលខុសត្រូវរបស់ពលរដ្ឋម្នាក់ៗ។

ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើសំខាន់ៗរួមមាន ៖
សូមប្រជាពលរដ្ឋ ក្មួយៗ យុវវ័យ ដែលមករស់នៅក្នុងរាជធានីភ្នំពេញ ត្រូវចេះស្រឡាញ់គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ហើយជៀសឆ្ងាយពីអំពើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារ ជាពិសេស ការសេពគ្រឿងញៀន គ្រឿងស្រវឹង ប្រព្រឹត្តល្បែងស៊ីសង-ល- ដែលនាំឱ្យមានអំពើហិង្សា ចោរកម្ម កាប់សម្លាប់គ្នាជាដើម។

សូមនាំគ្នាកសាងនូវអំពើល្អ យុត្តិធម៌ សច្ចធម៌ក្នុងសង្គម និងត្រូវដឹងគុណ សងគុណ ឪពុកម្តាយ អាណាព្យាបាល និងចាស់ព្រឹទ្ធាចារ្យ។

សូមជៀសវាងឱ្យបានដាច់ខាតនូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ។ ចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំប្រឆាំងប៊ុន មេរោគឱ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។

សូមថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យក្នុងការរស់នៅ ពិសេស ត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ដើម្បីជៀសវាងជំងឺតម្កាត់ផ្សេងៗ និងការចំណាយក្នុងគ្រួសារ។

សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលនេះនៅតែជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា កម្មករ-កម្មការិនីទាំង ២,១២៥នាក់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ នំប៉័ង ១ដើម ទឹកសុទ្ធ ១ដប និងថវិកា ១០០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More