លោកស្រេង ដារ៉ា នាំយកថវិកាសប្បុរសធម៌ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រគល់ជូនអ្នកសារព័ត៌មានម្នាក់មានកូនតូចឈឺសម្រាកក្នុងមន្ទីរពេទ្យកុមារជាតិ
ភ្នំពេញៈ អគ្គនាយកបណ្តាញព័ត៌មាន Post News លោកស្រេង ដារ៉ា កាលពីព្រឹកវេលាម៉ោង១០និង០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ បាននាំយកថវិកាសប្បុរសធម៌របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចំនួន២០០ដុល្លារ ដោយភ្ជាប់ជាមួយថវិការបស់លោកមួយចំនួនថែមទៀត ឧបត្ថម្ភដល់លោក សំបុល វិជ្ជា និពន្ធនាយកព័ត៌មានTNN ខណ:ដែលរូបលោកមានកូនតូចកើតមិនគ្រប់ខែ ទទួលរងការឈឺថ្កាត់ស្ទើររាល់អាទិត្យ កំពុងសម្រាកព្យាបាលក្នុងអាគារB នៃមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយភ្ជាប់ជាមួយការឧបត្ថម្ភនេះដែរ លោកស្រេង ដារ៉ា អគ្គនាយកបណ្តាញព័ត៌មាន Post News បានធ្វើការសំណេះសំណាល និងសួរសុខទុក្ខ ដោយមានការលើកទឹកចិត្តដល់ក្រុមគ្រួសារផងដែរ មិនតែប៉ុណ្ណោះលោកក៏បានសំណេះសំណាលអរគុណដល់គ្រូពេទ្យដែលបានយកចិត្តទុកដាក់មើលថែរទាំអ្នកជម្ងឺផងដែរ។
ជាមួយគ្នានេះ លោកស្រេង ដារ៉ា បានពាំនាំប្រសាសន៍ផ្តាំផ្ញើនៃការសួរសុខទុក្ខរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនទៅក្រុមគ្រួសារខិតខំព្យាបាលតាមការណែរនាំរបស់ក្រុមគ្រូពេទ្យ ព្រមទាំងសូមអោយក្រុមគ្រួសារបន្ថយការបារម្ភ ដើម្បីសុខភាពខ្លួនផ្ទាល់កុំអោយមានការឈឺថ្កាត់បន្ថែមទៀត ដើម្បីជួយថែរទាំកូនតូច។
និពន្ធនាយកព័ត៌មានTNN លោក សំបុល វិជ្ជា សូមគោរពអរគុណដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចជាលោក ស្រេង ដារ៉ា អគ្គនាយកព័ត៌មាន Post News ចំណាយពេលវេលាដ៏មានតំលៃអញ្ជើញមកផ្តល់កម្លាំងចិត្ត ខណ:មានកូនតូចឈឺក្នុងមន្ទីរពេទ្យ ព្រមទាំងបានជួយសំរួលថ្លៃថ្នាំព្យាបាលដល់ក្រុមគ្រួសារូបលោក គ្រាដែលមានកូនតូចកើតមិនគ្រប់ខែ ភ្ជាប់មកជម្ងឺហូរហែរឈឺមិនចេះដាច់រហូតមក។
សូមបញ្ជាក់ថាកុមារីដែលស្ថិតក្នុងការព្យាលពីសំណាក់ក្រុមគ្រូពេទ្យនេះ មានឈ្មោះសំបុល អេលីស អាយុ៧ខែជាកុមារដែលតែងតែរត់រកមន្ទីរពេទ្យស្ទើររាល់អាទិត្យ និងបច្ចុប្បន្នទើបមានទម្ងន់បានតែ៤គីឡូប៉ុណ្ណោះ ខណ:ដែលកើតមិនគ្រប់ខែបានត្រឹម៧ខែស្ថិតក្នុងការវះកាត់សង្គ្រោះពីក្រុមគ្រូពេទ្យ។