បញ្ជូនឃាតករសម្លាប់ ជនជាតិកូរ៉េនៅខេត្តកណ្តាលទៅអយ្យការនៅព្រឹកនេះ

កណ្តាល៖ ក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើស្រាវជ្រាវយ៉ាងសកម្មទាំងយប់ទាំងថ្ងៃជាមួយជំនាញអាវុធហត្ថខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផុំ រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរវេរលុយនិងលក់ទូរសព្ទ រស់នៅឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីជំនាញអាវុធហត្ថបានប្រាប់អ្នកយកព័ត៌មាន GRK News ថា នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្នុងប៉ុស្តិយាមប្រជាការពារ ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រៃរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានអំពើឃាតកម្មមួយកើតឡើងដោយមិនមានឯកសារបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះនោះទេ។

ក្រោយកើតហេតុភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងស្រុកកណ្តាលស្ទឹង បានចុះទៅត្រួតពិនិត្យទីកន្លែងកើតហេតុ ហើយធ្វើការផ្សព្វផ្សាយព័ត៌មានដល់សមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយសហការអន្តរាគមន៏ពួនស្ទាក់ តាមភូមិសាស្ត្ររៀងៗខ្លួន។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងអាវុធហត្ថស្នាក់ការ២០១នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី កងរាជអាវុធហត្ថខេត្តតាកែវ ចេញអន្តរាគមន៏ ក៏ប្រទះឃើញរថយន្ត ០១គ្រឿង ម៉ាក Kia Morning ពណ៌លឿងទុំ ពាក់ផ្លាកលេខភ្នំពេញ 2AK-7925 ប្លុងទុកចោលនៅលើផ្លូវជាតិលេខ២ នៅវេលា១៨និង ១៥នាទី ស្ថិតនៅភូមិហនុមានជើង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។

មន្ត្រីជំនាញរូបនោះបានបន្តថា កម្លាំងអាវុធហត្ថបានធ្វើការត្រួតពិនិត្យក្នុងរថយន្តនោះ រកឃើញវត្ថុតាងមួយចំនួនដូចជា វិក័យបត្រអាហារដ្ឋាន ០១សន្លឹក និងវ៉ែនតាពណ៌ខ្មៅចំនួន០១។ វត្ថុតាងទាំងនេះបានធ្វើឱ្យកម្លាំងជំនាញស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។ ការស្រាវជ្រាវបន្តបន្ទាប់ ដោយកម្លាំងជំនាញមកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តកណ្តាល អាវុធហត្ថខេត្តតាកែវ និងអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមផ្តល់ព័ត៌មានពីមន្ត្រីស្ថានទូកសាធារណរដ្ឋកូរ៉េ ព្រមទាំងមានចូលរួមផ្តល់ព័ត៌មានពីប្រជាពលរដ្ឋផងដែរ ជាពិសេសមានការសម្របសម្រួលណែនាំពីសំណាក់អយ្យការអមសាលាដំបូង កម្លាំងជំនាញបានកំណត់មុខសញ្ញាដែលជាឃាតករបាន ក៏ធ្វើការពួនស្ទាក់ រុករកតាមភូមិសាស្ត្រមួយចំនួនក្នុងខេត្តកណ្តាលនិងរាជធានីភ្នំពេញ។ លុះដល់វេលាម៉ោង១៧និង០៥នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថក៏បានឃើញជនសង្ស័យឈ្មោះ ផុំ រដ្ឋា នៅចំណុចខាងជើង ផ្សារធំថ្មី រាជធានីភ្នំពេញ រួចក៏ហៅជនសង្ស័យមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា រូបគេពិតជាបានបាញ់រហូតដល់អស់គ្រាប់ទៅលើលោក Jo Chun Seong ដោយអាវុធខ្លីម៉ាករ៉ូឡូ នៅពេលដែលជនរងគ្រោះនោះបែរខ្នងមករករូបគេ។ ជនសង្ស័យបានឆ្លើយថា មូលហេតុបណ្តាលឱ្យរូបគេ (រដ្ឋា) សម្លាប់លោក Jo ChunSeong គឺមកពីជនសង្ស័យបានជំពាក់លុយលោក Jo Chun Seong និងអ្នកផ្សេងទៀតច្រើនពេកគ្មានលទ្ធភាពសងនិងមានវិបត្តិក្នុងគ្រួសារ ហើយលោក Jo ChunSeong តែងតែទាលុយរូបគេញឹកញាប់ពេក។ ក្រោយពេលធ្វើសកម្មភាពរួច រូបគេបានបើករថយន្តសំដៅឡើងផ្លូវជាតិ លេខ២ ឆ្ពោះទៅខេត្តតាកែវ ហើយទុករថយន្តចោល រួចហៅម៉ូតូឌុបជិះមកភ្នំពេញ តាមផ្លូវជាតិលេខ៣វិញ ដោយបោះកាំភ្លើងខ្លីចោលតាមផ្លូវ ហើយបន្តដំណើរទៅដល់ស្ពាន៧មករា (កំពង់ទួល ស្រុកកណ្តាលស្ទឹង) ក៏បានបោះកាបូបនិងឯកសារមួយចំនួនរបស់ជនរងគ្រោះចោលទៅក្នុងទឹកស្ទឹងតែម្តង។

តាមរយៈចម្លើយសារភាពរបស់ជនសង្ស័យនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងជំនាញបាននាំជនសង្ស័យ ទៅចង្អុលបង្ហាញនិងរុករកអាវុធនៅចំណុចប្រឡាយទឹកនៅភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ តែរកពុំឃើញ បន្ទាប់មកទៀតកម្លាំងអាវុធហត្ថបានរកឃើញ បណ្ណបើកបរ០១សន្លឹក នាមបណ្ណ័០១សន្លឹករបស់ជនរងគ្រោះឈ្មោះ Jo ChunSeong នៅក្នុងទឹកស្ទឹងស្ពាន៧មករា និងកាបូបស្ពាយ សម្រាប់ដាក់លាក់អាវុធក្នុងផ្ទះរបស់ជនសង្ស័យ នៅសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ផ្អែកលើវត្ថុតាង និងការបំភ្លឺរបស់សាក្សី ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមក្រមព្រហ្មទណ្ឌ អាចសន្និដ្ឋានបានថាជនសង្ស័យ ឈ្មោះ ផុំ រដ្ឋា ពិតជាបានប្រព្រឹត្តបទឃាតកម្មគិតទុកជាមុន ដែលមានចែងក្នុងមាត្រា២០០ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែយោងតាមច្បាប់អ្នកដែលមានសិទ្ធិអំណាចធ្វើការចោទប្រកាន់មានតែតំណាងអយ្យការប៉ុណ្ណោះ រីឯការជំនុំជម្រះវិញមានតែចៅក្រមដែលមានសិទ្ធិអំណាច។ ប្រភព៖ GRK NEWS

IMG_5923 IMG_5925IMG_5917 IMG_5922 IMG_5928

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More